ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខែត្រពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ[១]។
បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយ ព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកន នៅឆ្នាំ១៥២៦។ ពេលនោះព្រះចន្ទរាជា (នាមសម្រាប់រាជ្យ ព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកន ក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ (ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការ ឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះ កម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើនមួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង (កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិ គឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះ មានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់ ចំនួន៣ឆ្នាំ(១៥២៧ - ១៥២៩)[២]។