ខណ្ឌជ្រោយចង្វារ (ឡាតាំង: Chroy Changvar) បំបែកចេញពី ខណ្ឌឫស្សីកែវ ទីតាំងសាលាខណ្ឌ ស្ថិតនៅជ្រោយចង្វារ ស្ថិតនៅក្បែរសាលាសង្កាត់ព្រែកលៀប។
ឈ្មោះខណ្ឌ និង សង្កាត់ជ្រោយចង្វា ឈ្មោះជ្រោយចង្វានេះ ខ្មែរស្ទើរតែទាំងអស់ស្គាល់ឈ្មោះនៃសង្កាត់នេះ ប៉ុន្តែប្រហែលជាលោកអ្នកខ្លះនៅមិនទាន់យល់ន័យជ្រោយចង្វា នេះ ។ ដើម្បីឲ្យងាយយល់ឈ្មោះសង្កាត់នេះ ខ្ញុំសូមជូនសេចក្ដីវិនិច្ឆ័យត្រិះរិះដូចខាងក្រោម ៖
«ជ្រោយចង្វា» មានអ្នកអានខ្លះនិយាយហៅថា «ជ្រោយច្រវា» ។ ជ្រោយចង្វាជាជ្រោយមួយដែលនៅបណ្ដោយតាមផ្លូវទន្លេមេគង្គ និងទន្លេសាប លយទៅរកទន្លេចតុមុខ ហើយទៅដល់តែត្រឹមមុខព្រះបរមរាជវាំង ។ លោកអ្នកធ្វើដំណើរ (ចំពោះអ្នកអានដែលមិនទាន់ស្គាល់ជ្រោយចង្វា ហើយធ្វើដំណើរតាមនាវាចរ) មករាជធានីភ្នំពេញតាមផ្លូវទន្លេធំ (ទន្លេមេគង្គលើ) លោកអ្នកនឹងឃើញភ្លើងព្រោងព្រាតនៅពេលយប់ នាវាចរបង្អន់ល្បឿន ហើយបើកសន្សឹមៗដល់កន្លែងដែលនាវាចរបត់មកស្ដាំវិញ កន្លែងនេះហើយហៅ «ចុងជ្រោយចង្វា» រួចជ្រោយនៅខាងស្ដាំដៃហៅថា «ជ្រោយចង្វា» ។ ឬបើធ្វើដំណើរតាមផ្លូវជាតិលេខ៦A ជ្រោយចង្វាស្ថិតនៅខាងឆ្វេងដៃ ។
ចុះហេតុដូចម្ដេចបានជាគេហៅថា «ជ្រោយចង្វា» ?
តាមឈ្មោះនេះ លោកអ្នកអានមិនមានក្ដីសង្ស័យទេ ព្រោះពាក្យនេះយើងអាចកាត់ថា ជ្រោយ១ និងចង្វា១ ។ «ជ្រោយ» គឺដីដែលដុះលយទៅក្នុងទឹក ឯ «ចង្វា» គឺឈ្មោះត្រីស្រកាមួយយ៉ាងតូចៗ ។
ជ្រោយចង្វាច្រើនតែចាមជ្វាមកនៅជាយូរយារណាស់ មកហើយ ព្រោះកន្លែងនេះងាយរករបរនេសាទ ។ កាលបើចាមជ្វាមកនៅច្រើនយ៉ាងនេះដូច្នេះ កើតមានសេចក្ដីសង្ស័យថា ប្រហែលជាគេឲ្យឈ្មោះថា «កោះចាមជ្វា» ទេដឹង ? ព្រោះគេថា ចាមជ្វាដែលធ្វើដំណើរមកប្រទេសកម្ពុជាតាមទូកមកដល់ជ្រោយនេះក៏ សង់លំនៅប្រកបការងារសិនទៅ ។ ពាក្យនេះក៏ទៅជា «ជ្រោយចាមជ្វា» យល់យូរៗមកក៏យារក្លាយទៅជា «ជ្រោយចង្វា» ទៅវិញ ។
ន័យមួយទៀត តាមសេចក្ដីយល់របស់លោក François Martini ថា ជ្រោយចង្វានេះបានជាគេហៅថា «ជ្រោយចង្វា» ពីព្រោះចាមជ្វាដែលជាអ្នកនេសាទត្រី កាលណាបើបង់ត្រីបានមកហើយ ពួកចាមតែងយកត្រីចង្វាមកលក់នៅត្រង់ជ្រោយនេះ ។ អ្នកមកទិញត្រីក៏សន្មតឲ្យឈ្មោះជ្រោយនេះថា «ជ្រោយចង្វា» រហូតមកដល់សព្វថ្ងៃនេះ ៕ [១] [២]
ខណ្ឌនេះបង្កើតឡើងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។