គែនគឺជាឧបករណ៍សិល្បៈមួយប្រភេទ ដែលជនជាតិទាំងអស់នៅតំបន់ខ្ពង់រាប និងវាលទំនាបនៅតែពេញនិយមរាប់សតវត្សរ៍មកហើយ ។ រីឯនៅប្រទេសជិតខាងដូចជាប្រទេសថៃ លាវ និងវៀតណាម ក៏ប្រើឧបករណ៍សិល្បៈប្រភេទនេះដូចគ្នាដែរ ដែលអាចមានមនុស្សខ្លះយល់ច្រឡំថា គែនជាឧបករណ៍សិល្បៈ របស់ជាតិសាសន៍របស់គេទៅវិញ។ តាមការស្រាវជ្រាវ អំពីប្រភពវប្បធម៌ គេពុំអាចផ្តាច់ទំនៀមទម្លាប់របស់ខ្មែរដែលរស់នៅតាមវាលទំនាបចេញពីខឿនវប្បធម៌រួមនៃកុលសម្ព័ន្ធខ្មែរលើបានឡើយ ព្រោះខ្មែរវាលទំនាប និងកុលសម្ព័ន្ធខ្មែរ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធពុំអាចផ្តាច់ចេញបានទាំងវប្បធម៌ ពូជសាសន៍ និងប្រភេទឈាមរួមថែមទៀតផង។ គែនជាឧបករណ៍សិល្បៈ របស់កុលសម្ព័ន្ធ ដែលពួកគេមានដើមកំណើតចេញពីវប្បធម៌ និងអរិយធម៌មន-ខ្មែរ ឬ ខ្មែរ-មនតាំងពីមុនការហូរចូលនៃឥទ្ធិពលឥណ្ឌា និងចិនម្ល៉េះ។ ជនជាតិខ្មែរបានបង្កើតរដ្ឋចាប់ផ្តើមពីស.វ.ទី ១ នៃគ.ស ក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌាដែលកាលនោះឈ្មោះថាជនជាតិមន-ខ្មែរ។ ជនជាតិមន-ខ្មែរ ឬ ខ្មែរ-មន បានមករស់នៅតាមព្រៃភ្នំដូចជាពួកស្អូច សម្រែ ព្រៅ កួយ ព័រ និងជងជាដើម ដែលនិយមហៅ ថា ខ្មែរដើម ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ទាំងជនជាតិខ្មែរមានរដ្ឋ ទាំងកុលសម្ព័ន្ធមន-ខ្មែរពុំទាន់មានរដ្ឋដែលរស់នៅតាម របៀបបុរាណនោះ គេឱ្យឈ្មោះថាព្នង (ភ្នំ)។ កុលសម្ព័ន្ធ គឺជាជនជាតិអម្បូរមន-ខ្មែរតែមួយដែលបានតពូជពង្សរហូតមកជាមួយនឹងការ ថែរក្សាសិល្បៈវប្បធម៌គែននេះផងដែរ ។ វត្ថុសិល្បៈគែននេះមិនត្រឹមតែមានការពេញនិយមនៅសម័យសង្គម បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែ ការរកឃើញគ្រោងឆ្អឹងនៅក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រក៏បានបង្ហាញ ឱ្យដឹងយ៉ាងច្បាស់ ថាឧបករណ៍សិល្បៈនេះ (គែន) គឺជាសម្បត្តិវប្បធម៌របស់ជនជាតិខ្មែរយ៉ាងពិតប្រាកដ។
ដោយឡែកឧបករណ៍គែន ក៏ត្រូវបានជនជាតិប្រទេសជិតខាងកម្ពុជាដូចជាជនជាតិវៀតណាមកណ្តាល ភាគខាងត្បូង ជនជាតិថៃ រហូតដល់ជនជាតិលាវទៀតផង ក៏នៅតែប្រើឧបករណ៍គែនជាសិល្បៈជនជាតិរបស់គេផងដែរ ។ យើងគ្រាន់តែយល់ថា ខ្មែរយើងពុំបានខ្ចីឧបករណ៍គែនមកប្រើដូចការយល់ច្រឡំនៃមនុស្ស មួយចំនួននោះឡើយ[១]។
- ↑ http://www.smartcambodia.com Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន. ប្រវត្តិសាស្រ្តវប្បធម៌អរិយធម៌ខ្មែរ