តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ | |
---|---|
កម្ពុជា | |
ភាសា | |
ខ្មែរមន, អំបូរភាសាអូស្ត្រូណេស៊ី, ខ្មែរ, វៀតណាម, ឡាវ, ថៃ | |
សាសនា | |
ថេរវាទ, វិញ្ញាណនិយម |
'ខ្មែរលើ គឺជាកុលសម្ព័ន្ធខ្មែរមន រស់នៅក្នុងតំបន់ខ្ពង់រាបនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ការចាប់កំណើតនៃក្រុមនេះ គឺពុំមាននរណាមួយដឹងច្បាស់ឡើយ ។ អ្នកមួយចំនួនជឿថា កុលសម្ព័ន្ធដែលនិយាយភាសាខ្មែរមននេះ ជាផ្នែកមួយនៃការធ្វើដំណើរផ្លាស់ប្តូរដ៏ឆ្ងាយរបស់កុលសម្ព័ន្ធនេះមកពីភាគពាយ័ព្យ។ ក្រុមកុលសម្ព័ន្ធរដែនិងជ្រាយ ដែលនិយាយភាសាអំបូរ Austronesian បានមករស់នៅតាមបណ្ដោយឆ្នេរសមុទ្រវៀតណាម ហើយបន្ទាប់មកក៏ផ្លាស់ប្ដូរមកភាគាគពាយ័ព្យ កកើតជាក្រុមតូចៗក្នុងចំណោមកុលសម្ព័ន្ធខ្មែរមនមួយចំនួន។
រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា បានបង្កើតពាក្យ"ខ្មែរលើ" គឺមានអត្ថន័យថា "ខ្មែរដែលរស់នៅតាមតំបន់ភ្នំខ្ពង់រាប" នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីបង្កើតចំណងសាមគ្គីភាពរវាងក្រុមកុលសម្ព័ន្ធខ្ពង់រាប និងជនជាតិខ្មែរកណ្តាល។ កាលពីមុន ពួកគេត្រូវបានកំណត់ជាពួក "ម៉ុងតាញ៉ារដ៍" (ជនជាតិភ្នំ) ដោយរដ្ឋាភិបាលអាណានិគមបារាំង ។ ជាប្រពៃណី ខ្មែរបានហៅក្រុមកុលសម្ព័ន្ធនេះថា "ព្នង"និង"សំរែ" ដែលពាក្យទាំងពីរនេះ មានអត្ថន័យមើលងាយ ។
ក្រុមកុលសម្ព័ន្ធខ្មែរលើមួយចំនួន បើតាមការពិតទៅ គឺមានទំនាក់ទំនងជាមួយគ្នាទៅនឹងភាសាខ្មែរ ក៏ប៉ុន្តែមួយចំនួនផ្សេងពីនេះ គឺវាមានទម្រង់នៃភាសាវិទ្យានិងពង្សាវតារនៃវប្បធម៌ ខុសប្លែកពីគ្នា ។
គេឃើញក្រុមកុលសម្ព័ន្ធខ្មែរលើ ភាគច្រើនរស់នៅក្នុងខេត្តនៃភាគឦសាន មានខេត្តរតនគិរី ខេត្តស្ទឺងត្រែង និងខេត្តមណ្ឌលគិរី។ មានខ្មែរលើមួយចំនួនរស់នៅក្នុងខេត្តក្រចេះច្រើនគួរសមដែរ ។
ភាគច្រើន ខ្មែរលើរស់នៅក្នុងភូមិរាយប៉ាយបណ្ដោះអាសន្ន ដែលមានអ្នកស្រុករស់នៅតិចតួចណាស់ ។ ភូមិទាំងនេះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សានៃមនុស្សចាស់ក្នុងស្រុក ឬក៏ដោយមេភូមិ ។
បងប្អូនខ្មែរលើកំពុងជួបប្រទះកង្វះខាតជាច្រើន ខាងសេដ្ឋកិច្ចគ្រួសារ សុខាភិបាល ការសិក្សាអប់រំ ... ។ ព្រៃឈើ សត្វព្រៃ និងដីព្រៃ គឺជាបង្អែកសេដ្ឋកិច្ចនៃពួកខ្មែរលើ តាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃ ព្រៃឈើ និងសត្វព្រៃ ត្រូវវិនាស ហើយដីព្រៃត្រូវខ្សោះជីជាតិដោយសំណឹក។ នេះជាចំណោទដ៏ធំមួយទៀត ចំពោះបងប្អូនខ្មែរលើ ។
ខ្មែរលើមានប្រហែល ៣០ក្រុមជនជាតិ និងគ្រាមភាសាផ្សេងៗគ្នា ក្នុងអំបូរភាសាខ្មែរមន ហើយប្រកបរបរបេះផ្លែឈើ និងដាំចម្ការព្រៃដុត។
ពួកនេះមាន៖
ចំនួនប្រជាជនខ្មែរលើនៅកម្ពុជា [១], [២] បើតាម តំណាងក្រុមជនជាតិដើមភាគតិច ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា សរុបមានប្រមាណ១៩៧.០០០នាក់ មានចំនួន២៤ក្រុម រស់នៅក្នុង១៤ខេត្តទូទាំងប្រទេសកម្ពុជានៃតំបន់ព្រៃភ្នំ [៣] ។
ចំពោះចំនួនប៉ាន់ស្មានប្រជាជនសរុបនៅក្នុងឆ្នាំ ១៩៦៩ គឺមានចំនួនប្រហែលជា ៩០.០០០ នាក់ ។ ចំណែកឯនៅក្នុងឆ្នាំ ១៩៧១ ចំនួនខ្មែរលើគឺត្រូវបានប៉ាន់ស្មានឃើញខុសៗ គ្នា ស្ថិតនៅក្នុងចន្លោះពី ៤០.០០០នាក់និង ១០០.០០០នាក់ ។ តួលេខចំនួនប្រជាជន គឺពុំអាចរកឃើញទេនៅក្នុងឆ្នាំ១៩៨៧ ក៏ប៉ុន្តែ គេបានធ្វើការកំណត់សរុបទៅ គឺប្រហែលជានៅក្បែរៗ ១០០.០០០នាក់ ។ ខ្មែរលើមានចំនួន ៧៥.០០០នាក់នៅឆ្នាំ១៩៩២។
ជនជាតិ | English Name | ចំនួន(ឆ្នាំ) | តំបន់ |
---|---|---|---|
កួយ | Kuy, Kuay | ៣៧.៧០០ នាក់ (ឆ្នាំ ២០០៧) | ភាគឦសានប្រទេសកម្ពុជា ស្ទើរតែគ្រប់ស្រុកនៃខេត្តព្រះវិហារ ភាគខាងកើតខេត្តសៀមរាប ភាគខាងជើងខេត្តកំពង់ធំ ភាគខាងលិចខេត្តស្ទឹងត្រែង និងខេត្តក្រចេះ |
ទំពួន | Tampuan, Campuon, Kha Tampuon, Proon, Proons, Tamphuan, Tampuen, Tampuon | ៣១.១០០ នាក់ (ឆ្នាំ ២០០៦) | តំបន់ព្រំដែនភាគឦសាន ភាគកណ្តាលខេត្តរតនគិរីខាងត្បូងជនជាតិព្រៅ ខាងលិចជនជាតិចារាយ |
ចារាយ(ជ្រាយ) | Jarai, Cho-Rai, Chor, Chrai, Djarai, Gia-Rai, Gio-Rai, Jorai, Mthur | ២០.២០០ នាក់ (ឆ្នាំ ២០០៦) | ខេត្តរតនគិរី ជាពិសេសស្រុកបកែវ អណ្តូងមាស អូរយ៉ាដាវ និងភាគឦសានតាមព្រំដែនវៀតណាម |
ព្នង | Central Mnong, Budong, Bunong, Phanong, Phnong, Phong | ២០.០០០ នាក់ (ឆ្នាំ ២០០២) | តំបន់ភាគឦសាន មាននៅគ្រប់ស្រុក ៨០% នៃខេត្តមណ្ឌលគិរី |
គ្រឹង | Kru’ng 2, Kreung | ១៨.៤០០ នាក់ (ឆ្នាំ ២០០៦) | ស្ទឹងត្រែង រតនគិរី តាមព្រំដែនកម្ពុជា-ឡាវ |
ព្រៅ | Braou, Brou, Lave, Laveh, Love, Proue | ៧៩៧០ នាក់ (ឆ្នាំ ២០០៦) | ភាគឦសានប្រទេសកម្ពុជា ភាគខាងជើងខេត្តរតនគិរី ជាពិសេសស្រុកតាវែង និងតំបន់ទន្លេសេសាន |
ស្ទៀង | Stieng(Bulo), Kajiang | ៦០៦០ នាក់ (ឆ្នាំ ២០០៦) | តំបន់ភាគខាងកើត ស្រុកស្នួលខេត្តក្រចេះ និងភាគខាងត្បូងខេត្តមណ្ឌលគិរី |
ជង | Chong, Chawng, Shong, Xong | ៥០០០ នាក់ | ខេត្តពោធិ៍សាត់ ភាគអាគ្នេយ៍នៃខេត្តចន្ទបុរីព្រំដែនកម្ពុជា-ថៃ |
សំរៃ | Somray | ៤០០០ នាក់ (ឆ្នាំ ២០០៥) | ខេត្តពោធិ៍សាត់ ភាគខាងជើងខាងកើតនិងខាងលិចភូមិតាសាញ់ និងស្ទឹងតានយ៉ុង?ជុំវិញភូមិប្រាំមួយ |
កាចក់ | Kaco’, Kachah’ | ៣៣៧០ នាក់ (ឆ្នាំ ២០០៧) | ស្រុកអណ្តូងមាស ស្រុកវ៉ឺនសៃ ខេត្តរតនគិរី |
កាវេត(កាវ៉ែត) | Kavet, Khvek, Kowet, Kravet | ២៣៨០ នាក់ (ឆ្នាំ ២០០៦) | ស្ទឹងត្រែង រតនគិរី តាមព្រំដែនកម្ពុជាឡាវ |
ក្រោល | Kraol | ១៩៦០ នាក់ (ឆ្នាំ ១៩៩៦) | ក្រចេះ |
ព័រ | Pear, Por | ១៦៧០ នាក់ (ឆ្នាំ ២០០២) | ខេត្តព្រះវិហារ (ពីមុនស្ថិតក្នុងខេត្តកំពង់ធំ) |
ល្ម៉ាំ | Lamam, Lmam | ១០០០ នាក់ (ឆ្នាំ ១៩៨១) | ភាគឦសានតាមព្រំដែនវៀតណាម |
សួយ | Suoy | ៩៣០ នាក់ (ឆ្នាំ ២០០៤) កំពុងថយចុះ | តំបន់ភាគកណ្តាល ភាគពាយព្យនៃក្រុងភ្នំពេញ |
សំរែ | Samre | ២០០ នាក់ (ឆ្នាំ ២០០០) | ភាគខាងជើងខេត្តសៀមរាប |
ស្អូច | Sa’och, Saotch, Sauch | ១៨០ នាក់ (ឆ្នាំ ១៩៩៦) កំពុងថយចុះ | ភាគនិរតីជិតឆ្នេរកំពង់សោម |
កុឡា | Kola | ប្រមាណ ១០០-៥០០ នាក់ | ភាគខាងកើតម្តុំបប៉ៃលិន ប៉ៃលិន [២] |