តូ ឡឹម (ភាសាវៀតណាម៖ Tô Lâm; កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧) គឺជាអ្នកនយោបាយ និងជាមន្ត្រីនគរបាលវៀតណាមម្នាក់ ដែលសព្វថ្ងៃកំពុងបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម[១] និងធ្លាប់ជាប្រធានាធិបតីប្រទេសវៀតណាមពីខែឧសភា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៤។[២] មុនឡើងកាន់អំណាចនយោបាយកំពូល លោកបានប្រកបអាជីពជាមន្ត្រីនៅក្នុងកងកម្លាំងសន្តិសុខសាធារណៈអស់រយៈពេលជាង ៤០ ឆ្នាំ ដោយធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចាប់ពីឆ្នាំ២០១៦ រហូតដល់ពេលដែលត្រូវគេបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។
ក្នុងនាមជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាម លោកឡឺំមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អតីតអគ្គលេខាធិការបក្សង្វៀន ហ៊្វូចុង ដែលនាំឱ្យកើតការបោសសម្អាតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនយោបាយវៀតណាម។[៣] បន្ទាប់ពីលោកចុងបានទទួលមរណភាពនៅក្នុងខែកក្កដា ឆ្នាំ២០២៤ លោកឡឺមក៏បានក្លាយជាប្រមុខនៃគណៈកម្មាធិការមជ្ឈិមប្រឆាំងអំពើពុករលួយ គណៈកម្មាធិការមជ្ឈិមយោធា និងក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិ។
មានដើមកំណើតពីខេត្តហ៊ឹងអៀន លោកបានក្លាយជាសមាជិកបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨១។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមជ្ឈិមនគរបាល និងបណ្ឌិតសភាសន្តិសុខប្រជាជនវៀតណាម លោកបានប្រកបអាជីពនៅក្នុងកងកម្លាំងនគរបាលស្ទើរមួយជីវិតរបស់លោក ដោយសព្វថ្ងៃលោកកំពុងកាន់ឋានៈជាឧត្តមសេនីយ៍ផ្កាយបួននៅក្នុងសន្តិសុខសាធារណៈប្រជាជនវៀតណាម។ ពីមុន លោកធ្លាប់បានកាន់តំណែងជាប្រធានគណៈកម្មាធិការដឹកនាំតំបន់ខ្ពង់រាបកណ្តាល អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខទីមួយនៃក្រសួងសន្តិសុខសាធារណៈ។ លោកក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីឆ្នាំ២០១១ និងជាសមាជិកការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០១៦។[៤] ដោយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ និងកាន់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ លោកត្រូវបានគេតែងតាំងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសន្តិសុខនៅក្នុងឆ្នាំ២០១៥។ ក្នុងនាមជាមន្ត្រីសន្តិសុខកំពូលម្នាក់ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលនាំមុខនៅក្នុងយុទ្ធនាការបង្ក្រាបអ្នកប្រឆាំងនយោបាយ គាបសង្កត់លើអង្គការសង្គមស៊ីវិល រឹតបន្តឹងពិរុទ្ធភាពលើបណ្ដាញអ៊ីនធឺណិត និងពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសផ្សេងៗទៀត។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សតែងតាំងជាប្រធានាធិបតីទី១៣ នៃប្រទេសវៀតណាមបន្តពីលោកវ៉ូ វ៉ាន់ធឿង បន្ទាប់ពីអតីតប្រធានាធិបតីវៀតណាមម្នាក់នេះបានលាលែងពីតំណែងកាលពីខែមីនា ឆ្នាំ២០២៤ ដោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។[៥] រដ្ឋសភាវៀតណាមបានដកតូ ឡឺមចេញពីតួនាទីរដ្ឋមន្ត្រីទាំងប៉ុន្មានដែលលោកបានកាន់ពីំមុនមក មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានចាប់ផ្ដើម។[៦][៧]
នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2024 បន្ទាប់ពីមរណភាពរបស់លោកង្វៀន ហ៊្វូចុង លោកតូ ឡឹមក៏ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី 13 ជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមយោធា ដែលនាំឱ្យលោកក្លាយជាមេដឹកនាំកំពូលបច្ចុប្បន្ននៃប្រទេសវៀតណាម។[១]
{{cite web}}
: More than one of |archivedate=
and |archive-date=
specified (help); More than one of |archiveurl=
and |archive-url=
specified (help)
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |