ទូ សាមុត | |
---|---|
លេខាធិការបក្សពលករកម្ពុជា | |
ក្នុងការិយាល័យ ២១ កញ្ញា ១៩៥១ – កក្កដា ១៩៦២ | |
រង | នួន ជា (១៩៦០–១០៦២) |
មុន | តំណែងត្រូវបានបង្កើតឡើង |
បន្ទាប់ | សាឡុត ស (ប៉ុល ពត) |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ១៩១៥ កូសាំងស៊ីន, សហភាពឥណ្ឌូចិន |
ស្លាប់ | ១៩៦២ (អាយុ ៤៦–៤៧) កម្ពុជា |
សញ្ជាតិ | សញ្ជាតិខ្មែរក្រោម និងយួន |
គណបក្សនយោបាយ | គណបក្សពលករកម្ពុជា |
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | គណបក្សប្រជាជនបដិវត្តន៍កម្ពុជា សមាគមខ្មែរឥស្សរៈ |
ទូ សាមុត (១៩១៥–១៩៦២) ហៅ អាចារ្យសុក គឺជាអ្នកនយោបាយកុម្មុយនិស្តខ្មែរមួយរូប។ លោកគឺជាសមាជិកស្ថាបនិកនៃគណបក្សពលករកម្ពុជាហើយត្រូវជាសមាជិកនាំមុខគេនៃបក្ស។ លោកត្រូវបានគេចងចាំថាជាអ្នកព្រៀនប្រដៅ ណែនាំសាឡុត ស (ក្រោយមកបានប្តូរឈ្មោះមកប៉ុល ពត)។
សាមុតគឺជាជនជាតិខ្មែរក្រោមដោយលោកបានកើតនៅតំបន់កូសាំងស៊ីន (ភាគខាងត្បូងនៃប្រទេសវៀតណាម)។[១] កាលនៅជាយុវវ័យ សាមុតត្រូវបានបណ្តុះបណ្តាលបង្ហាត់បួសជាព្រះសង្ឃ។ ខណៈដែលសង្គ្រាមលោកលើកទី២ បានចាប់ផ្ទុះឡើង សាមុតបានក្លាយជាសាស្រ្តាចារ្យខាងភាសាបាលីនៅវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញ។ ក្នុងឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកមកលើក្រុមយោធាជប៉ុននៅក្បែរវត្តឧណ្ណាលោមដែលបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សមួយចំនួន។ សាមុតមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នោះរហូតដល់ថ្នាក់ដែលសាមុតត្រូវរត់ភៀសខ្លួនទៅកាន់តំបន់ជនបទហើយនៅទីបំផុតគាត់ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដែលជាកន្លែងដែលលោកបានចូលរួមជាមួយក្រុមវៀតមិញ។[២] ដល់ចុងទសវត្ស ១៩៤០ លោកបានចូលបង្រៀនក្រុមពលករខ្មែរអំពីនយោបាយនិងសេដ្ឋកិច្ច។
លោកសាមុត និងសឺន ង៉ុកមិញបានក្លាយជាសមាជិកស្ថាបនិកដំបូង (អ្នកបង្កើត) នៃគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះមកជា'បក្សកុម្មុយនិស្តកម្ពុជា'។ លោកក៏ត្រូវជាមេដឹកនាំម្នាក់ដែរក្នុងចំណោមមេដឹកនាំទាំងអស់របស់សមាគមខ្មែរឥស្សរៈ ដែលជាក្រុមឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ (ចលនាតស៊ូប្រឆាំងនឹងការត្រួតត្រារបស់អាណានិគមបារាំង)។ នៅពេលដែលចលនាតស៊ូមួយនេះបានបង្កើត"រដ្ឋាភិបាល"ខ្លួនឯងមួយ លោកទូ សាមុតត្រូវបានគេតែងតាំងជាមន្រ្តីមហាផ្ទៃ។
ក្នុងនាមជាប្រធានក្រុមបក្សពួកនិយម"ទីប្រជុំជន"ដែលគាំទ្រដោយវៀតណាម (កុម្មុយនិស្ត) លោកបានទាក់ទាញព្រះសង្ឃជាច្រើនឱ្យចូលរួមនិងជួយគាំទ្រនយោបាយឆ្វេងនិយម។ ក្រុមកុម្មុយនិស្ត"ទីប្រជុំជន"គឺជាគូប្រជែងទៅនឹង"ក្រុមជនបទ"ដែលដឹកនាំដោយលោកសៀវ ហេង ហើយជាទូទៅ ក្រុមទាំងពីរតែងគាំទ្រនូវគោលនយោបាយមជ្ឈន្តិក ជាពិសេសគឺការគាំទ្រព្រះមហាក្សត្រខ្មែរនាពេលនោះ ព្រះនាមនរោត្តម សីហនុ ដោយមើលឃើញថាទ្រង់ជាឥស្សរជនឯកភាពជាតិនិងជាបុគ្គលដ៏សំខាន់ម្នាក់សម្រាប់ឱ្យពួកកុម្មុយនិស្តវៀតណាមយកឈ្នះលើវៀតណាមខាងត្បូង។ ក្រុមបក្សពួករបស់លោកសាមុតនេះហើយដែលជាស្នូលកំណើតនៃពួកខ្មែរក្រហមដែលត្រូវបានដឹកនាំដោយប៉ុល ពត និងសហការីគាត់មកពីទីក្រុងប៉ារីសនុះ។ សាមុតគឺប្រៀបបានជាអាណាព្យាបាលរបស់ប៉ុល-ពតអញ្ចឹងគឺចាប់តាំងពីប៉ុល-ពតបានចុះចូលរួមជាមួយគណបក្សរបស់លោកមក, ប៉ុល-ពតគឺតែងតែត្រូវបានតំឡើងមុខតំណែងថ្មីរហូត។
កម្មាភិបាល"ជនបទ"ជាច្រើននៃគណបក្សនេះត្រូវបានចាប់ខ្លួន ឬត្រូវបានសម្លាប់ចោលដោយកងកម្លាំងសន្តិសុខរបស់សីហនុក្នុងឆ្នាំ១៩៥៩ ក្រោយពីលោកសៀវ ហេងបានរត់ចោលទៅចូលរួមជាមួយរដ្ឋាភិបាលសីហនុ។ ដោយមានការដាក់សម្ពាធឥតឈប់ឈរពីរដ្ឋាភិបាលសីហនុ គ.ប.ប.ក. ក៏បានរៀបចំកិច្ចប្រជុំសម្ងាត់មួយនៅឯស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៦០។ សាមុត ដែលនៅតែមានទំនាក់ទំនងល្អជាមួយសីហនុត្រូវបានគេបោះឆ្នោតជ្រើសតាំងជាលេខាធិការបក្ស។ ប៉ុល ពតត្រូវបានគេតាំងឈ្មោះជាសមាជិកទីបីនៃឋានានុក្រមបក្សនៅពីក្រោយសាមុត និងនួន ជា។[៣]
លោកទូ សាមុតត្រូវបានបាត់ខ្លួនក្នុងឆ្នាំ១៩៦២ ព្រឹត្តិការណ៍បាត់ខ្លួនរបស់លោកត្រូវបានរក្សាជាសម្ងាត់រហូតដល់ទសវត្ស ១៩៧០។ ទោះបីជាលោកត្រូវបានគេសន្មតថាត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលរបស់សីហនុក្តី, ប៉ុន្តែមានអ្នកខ្លះបានលើកឡើងថាប៉ុល-ពតប្រហែលជានៅពីក្រោយរឿងនេះដោយសារតែការលោភចង់បានឋានៈជាលេខាធិការបក្ស។ ប៉ុល-ពតបានបដិសេដអំពីការលើកឡើងនេះនៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់គាត់មុនពេលទទួលអនិច្ចកម្មដោយបានបញ្ជាក់ថា សាមុតបានចាក់ចេញពីកន្លែងលាក់ខ្លួនដើម្បីទៅទិញថ្នាំសម្រាប់កូនគាត់ដែលកំពុងឈឺ បន្ទាប់មកត្រូវបានចាប់ខ្លួនដោយកងកម្លាំងរបស់លន់ នល់ដើម្បីយកទៅសួរចម្លើយហើយចុងក្រោយក៏ក្រុមលន់ នល់បានសម្លាប់លោកចោលតែម្តង។ ប៉ុល-ពតបានបន្ថែមទៀតថា"បើសាមុតចេញមុខមកនិយាយ, នោះខ្ញុំប្រហែលត្រូវបានគេចាប់ខ្លួនបាត់ទៅហើយ, គាត់ត្រូវបានគេយកទៅសម្លាប់នៅឯវត្តស្ទឹងមានជ័យ។ ពួកយើងគឺស្រឡាញ់គ្នាដូចបងប្អូនអញ្ចឹង។"[៤] ប្រវត្តិវិទូលោក Ben Kiernan បានសម្គាល់ថាមានភស្តុតាងដ៏ជាក់ស្តែងមួយដែលបញ្ជាក់ថាប៉ុល-ពតគឺជាបុគ្គលដែលត្រូវទទួលខុសត្រូវពីរឿងបាត់ខ្លួនរបស់លោកសាមុត៖ ជាពិសេសគឺរបាយការណ៍សម្ងាត់របស់បក្សដែលស្តីពី"សត្រូវផ្ទៃក្នុង"ក្នុងឆ្នាំ១៩៧៨ បានចោតប្រកាន់លេខាធិការខេត្តកណ្តាលគឺលោកសំ ជា ថាជាអ្នកសម្លាប់លោកសាមុត ហើយក៏ចាប់ខ្លួនសំ ជាយកទៅអប់រំ។ លោកសំ ជាធ្លាប់ជាសារហារី (អ្នកនាំសំបុត្រ) បម្រើការឱ្យក្រុមប៉ុល-ពតតាំងពីឆ្នាំ១៩៦២ មកម្លេះ។[៥]
ប៉ុល-ពតត្រូវបានជ្រើសតាងជាលេខាធិការបក្សថ្មីនៅដើមឆ្នាំ១៩៦៣។ បន្ទាប់ពីបានក្លាយជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា ប៉ុល-ពតបានផ្តាច់ទំនាក់ទំនងជាមួយពួកកុម្មុយនិស្តវៀតណាមហើយមកបង្កើតទំនាក់ទំនងថ្មីជាមួយចិនវិញ។