ប្រាសាទតានៃ

ប្រាសាទតានៃ

ឈ្មោះ: ប្រាសាទតានៃ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាននិងលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទតានៃជាប្រាសាទមួយនៅស្ថិតនៅក្នុងព្រៃចូលតាមផ្លូវលំតូច ខាងកើតប្រាសាទតាកែវ ឈ្ពោះទៅខាងជើងប្រហែល៨០០ម៉ែត្រ និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត ប្រាសាទនេះមានប្រវែង ១៥០ម៉ែត្រពីខាងត្បូងស្ទឹងសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។

ទិដ្ឋភាពទូទៅ

[កែប្រែ]

រូបភាពតូច ប្រាសាទតានៃមានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ ប៉ុន្តែសព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្នាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបយើងឃើញមានរូបកណ្តាលត្រូវបានដាបបំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ។ មានទម្រទេវរូបជាច្រើននៅរាយប៉ាយផ្នែកខាងត្បូងដែលទម្រនីមួយៗទាំងនោះមានរន្ធឬប្រហោងចំនួនបីសម្រាប់តម្កល់ទេវរូបត្រីមូរតីទាំងព្រហ្មញសាសនានិងព្រះពុទ្ធសាសនា។ នៅផ្នែកខាងក្នុងនៅកំពែងទី២មានសាលវែងប្រក់ដោយដំបូលសងអំពីថ្មភក់មានសភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងជើងនិងខាងត្បូង។ នៅទីធ្លារនៅផ្នែកខាងក្នុងមានប្រាង្គចំនួន២ឈរត្រង់ជួរគ្នាពីកើតទៅលិច ប៉ុន្តែកំពូលរបស់ប្រាង្គត្រូវបានបាក់បែកខូចខាត[]

ការធ្វើកំណាយ

[កែប្រែ]

រូបភាពតូច|បដិមាព្រះសិរលោកេស្វរៈចំនួនមួយត្រូវបានប្រទះឃើញពេលកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ ប្រាសាទតានៃត្រៀមនឹងជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។ បុរាណដ្ឋានមួយនេះស្ថិតក្នុងព្រៃ ពុំសូវមានទេសចរទៅកម្សាន្តច្រើនទេ ហើយក៏ពុំធ្លាប់មានការជួសជុលមកពីមុនដែរ ដោយគ្រាន់តែមានការអភិរក្សទល់ទ្រនៅផ្នែកខ្លះតែប៉ុណ្ណោះ។ នាពេលបច្ចុប្បន្ន អ្នកជំនាញអាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលខ្លោងទ្វារខាងកើតដើម្បីអភិរក្សស្នាដៃដូនតាមួយនេះឱ្យបានរួចចាកផុតភាពខ្ទេចខ្ទាំដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្រាវជ្រាវបន្ត[]។ បដិមាព្រះសិរលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា[]។ ធ្វើការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម។ ព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើរយកទៅរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ។ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ[]

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគទី២ ឆ្នាំ២០១៥ ទំព័រទី១០៤-១០៦។
  2. ការផ្សព្វផ្សាយរបស់គេហទំព័ររបស់អាជ្ញាធរជាតិអប្សរា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩
  3. ការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ
  4. លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា