ប្រាសាទនាគព័ន្ធ | |
---|---|
ឈ្មោះ: | ប្រាសាទនាគព័ន្ធ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្សទី១២ ឆ្នាំ១១៩១ |
ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនាមហាយាន |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ក្រុងអង្គរ ខេត្តសៀមរាប |
ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង ៤ ។ គេពិនិត្យឃើញមានចម្លាក់សេះថ្មមួយក្បាល ដែលមានមនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទានមួយថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និងកន្ទុយសេះ ហើយសេះនោះបាននាំពួកគេមកដល់ត្រើយបានសុខសាន្ដទៅ ។
ប្រាសាទនាគព័ន្ធត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវស្ថាបត្យកម្មកម្ពុជាមក គឺនៅមុនឆ្នាំ ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទដោយលោក ហ្វារុត (Farut) នៅចន្លោះឆ្នាំ ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តំថ្មឡើងវិញដោយលោក ហង់រី ម៉ាហ្សាល់ ពីឆ្នាំ ១៩២២-១៩២៤ និងលោក M. Glaize ពីឆ្នាំ ១៩៣៨-១៩៣៩ ។ កាលពីមុនមានដើមជ្រៃធំមួយយដើមដុះព័ន្ធជុំវិញប្រាង្គកណ្តាល ប៉ុន្តែត្រូវខ្យល់បក់វាយបំបាក់បំផ្លាញឱ្យដួលនៅឆ្នាំ ១៩៣៥[១] ។ នៅឆ្នាំ ១៩១១ លោកលុយណេដឺឡាស្ហុងគីយែរបាននិយាយថា មានតែរូបសំណាក់ពីរប៉ុណ្ណោះដែលប្រទះឃើញនៅទីនោះ គឺក្បាលមនុស្សនៅបន្ទប់ខាងកើត និងក្បាលដំរីនៅបន្ទប់ខាងជើង ។ ប៉ុន្តែរូបក្បាលសេះត្រូវបានរកឃើញដោយលោក J-de Mecquenem នៅខែឧសភា ឆ្នាំ ១៩១២ រីឯក្បាលតោត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩២២ ដោយលោក ហង់រី ម៉ាហ្សាល់ ហើយធ្វើកំណាយនាំឱ្យលោករកឃើញរូបមួយទៀតគឺព្រះពោធិសត្វលោកេស្វរៈ ។
ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត[២] ។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ ៥ លី មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា[៣] ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក ។ បារាយណ៍នេះមានទំហំ ៣៥០០ ម៉ែត្រគុណ ៩០០ ម៉ែត្រ ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង ។
តាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលី ឬសំស្រ្កឹត ដែលមកពីពាក្យ រាជ+ស្រី មានន័យថា វត្ថុជាមង្គលរបស់ស្តេច ដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សរ៍ ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧[៤] ។
|