ប្រាសាទព្រះប៉ាលីឡៃ

ប្រាសាទព្រះបាលិលេយ្យ

ឈ្មោះ: ប្រាសាទព្រះបាលិលេយ្យ
អ្នកកសាង: ព្រះបាទធរណីន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរធំ

ប្រវត្តិប្រាសាទ

[កែប្រែ]

រូបភាពតូច|ប្រាង្គកណ្តាលប្រាសាទបាលិលេយ្យ ប្រាសាទព្រះបាលិលេយ្យមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។ ខ្លោងទ្វារនោះមានលម្អផ្តែរ និងហោជាងដែលមានចម្លាក់រឿងពុទ្ធប្រវត្តិនោះរួមមាន៖

ខ្លោងទ្វារកណ្តាលបែរទៅទិសខាងកើត

[កែប្រែ]

មានចម្លាក់ហោជាងស្តីអំពីព្រះពុទ្ធទ្រង់ឈរប្រហែលជាលើកដៃមួយចំហៀងដាក់ត្រឹមដើមទ្រូង ដើម្បីសម្តែងការទទួលពីអ្នកគោរពបូជាព្រះអង្គ។ ចំណែកផ្តែរនៅខាងក្រោមហោជាងនេះមានបង្ហាញអំពីរូបព្រះពុទ្ធចូលបរិព្វានដោយយកដៃស្តាំទ្រព្រះកេស និងដាក់ដៃឆ្វេងដាក់សណ្តូកលើព្រះកាយ ហើយពីក្រោមព្រះអង្គមានក្រុមសាវ័នកំពុងតែយំទួញសោកស្តាយចំពោះការបាត់បង់ព្រះអង្គ។ រូបនេះស្ថិតនៅលើក្បាលកាលា។

ខ្លោងទ្វារខាងជើងបែរទៅទិសខាងកើត និងខាងលិច

[កែប្រែ]

មានចម្លាក់ហោជាងស្តីអំពីក្រុមសត្វស្វានិងដំរីគោរពបូជាថ្វាយម្ហូបចង្ហាន់ចំពោះព្រះពុទ្ធ។ ចំណែកនៅក្លោងទ្វារខាងលិចមានចម្លាក់អ្នកគោរពថ្វាយតង្វាយចំពោះព្រះអង្គ។

ចម្លាក់ហោជាងពីរជាន់នៅទិសខាងជើង

[កែប្រែ]

ចម្លាក់ជាន់ក្រោមបង្ហាញពីរូបព្រះពុទ្ធប្រោសដំរីឈ្មោះនាឡាគិរី ដែលត្រូវបានទេវទត្តប្រលែងក្នុងបំណងឱ្យព្រេច(ជាន់)ព្រះពុទ្ធខណៈព្រះអង្គកំពុងនិមន្តបិណ្ឌបាត្រក្នុងក្រុងរាជគ្រឹះ។ ទោះជាយ៉ាងនេះក្តី ពេលនោះដំរីដ៏កំណាចនេះចូលទៅដល់ចំពោះព្រះភ័ក្ត្រព្រះអង្គ វាបានបែរជាមិនហ៊ានព្រេច ព្រះអង្គដូចជាទេវទត្តសង្ឃឹមទុកឡើយ មិនតែប៉ុណ្ណោះ វាត្រឡប់ទៅជាស្លូតបាក់បបខ្លបខ្លាចលែងកាចទៅវិញ ដោយសារព្រះវិជិតមារជាម្ចាស់ទ្រង់ផ្សាំងវាដោយមេត្តាបារមីរបស់ព្រះអង្គ។ ចំណែកនៅផ្នែកខាងលើបង្ហាញពីបរុសពីរនាក់កំពុងកាន់របស់អ្វីម្យ៉ាងដាក់ពន្លទៅលើព្រះកេសរបស់ព្រះពោធិសត្វនៅក្នុងរឿងព្រះតេមិយជាតក។

ឯកសារយោង

[កែប្រែ]