ពន្ធលើប្រាក់បៀវត្ស (អង់គ្លេស: Payroll tax ឬ Tax on salary) គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។ សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ អត្រាពន្ធ ពី ០ ៛ ដល់ ៥០០.០០០ ៛ ០% ពី ៥០០. ០០១ ៛ ដល់ ១.២៥០.០០០ ៛ ៥% ពី ១.២៥០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០% ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥%
លើសពី ១២.៥០០.០០០ ៛ ២០%
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។