អត្ថបទនេះ រួមមានបញ្ជីឯកសារយោង ទាក់ទងទៅនឹងតំណអាន រឺ ខាងក្រៅ ប៉ុន្តែប្រភពរបស់វានៅមិនច្បាស់លាស់ពីព្រោះវាខ្វះអាគតដ្ឋានក្នុងបន្ទាត់។ សូម បន្សើរអត្ថបទនេះដោយណែនាំអាគតដ្ឋានត្រឹមត្រូវដែលសមរម្យ។ (ខែមេសា ២០១១) |
មហេន្ទ្រវម៌្ម | |
---|---|
វ្រះបាទ | |
រជ្ជកាល | គ.ស. ៥៩៨-៦១០ |
រាជ្យមុន | វ្រះបាទភវវម៌្មទី១ |
រាជ្យបន្ត | វ្រះបាទឦឝានវម៌្មទី១ |
បុត្រ | ព្រះឦឝានសេនា |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | វ្រះបាទវីរវម៌្ម |
មាតា | មហេសីនៃព្រះបាទវីរវម៌្ម |
ប្រសូត | ជយាទិត្យបុរ |
សុគត | ៦១០ ឝម្ភុបុរ |
វ្រះកម្រតេង៑អញ៑មហេន្ទ្រវម៌្ម ព្រះនាមផ្ទាល់ ចិត្រសេនា (ចិន: 質多斯那, ភិងអ៊ិង: Zhituosena) (គ.ស ?-៦១០) រជ្ជកាល (គ.ស ៥៩៨-៦១០) ជាស្ដេចនៃនគរខ្មែរកម្វុជនៅសតវត្សទី ៦ នៃគ.ស. ដែលក្រោយមក ក្លាយជាកម្វុជទេឝ ។ ទ្រង់ជាព្រះអនុជមាតាតែមួយ របស់វ្រះបាទ ភវវម៌្មទី១ និងអ្នកស្នងរាជ្យបន្តពីវ្រះបាទភវវម៌្មទី១ ផងដែរ ។ បន្ទាប់ពីវ្រះបាទភវវម៌្មទី១ សោយទិវង្គត វ្រះបាទមហេន្ទ្រវម៌្មទ្រង់បានឡើងសោយរាជសម្បត្តិនៅរាជធានីឝម្ភុបុរ ត្រូវនឹងសំបូរព្រៃគុហ៍សព្វថ្ងៃ ពេលជាមួយគ្នានោះដែរ ស្វាមិនហិរណ្យវម៌្មទ្រង់ក៏កំពុងគ្រងរាជ្យនៅកម្ពុជាកណ្ដាលដែរ ដែលជាក្សត្របុរីមួយនៅទីនោះ ។ នៅក្នុងរាជ្យរបស់ព្រះអង្គ មានសិលាចារឹកជាច្រើន ដែលបានសរសេរលើកពីគុណសម្បត្តិចម្បងបំផុតរបស់ព្រះអង្គក្នុងការធ្វើសឹកសង្គ្រាម ។ សិលាចារឹកបានបន្ថែមទៀតថា ព្រះអង្គជាវរជនក្នុងលោក និងជាអ្នកកម្ទេចសម្ព័ន្ធមិត្តដ៏មានមោទនភាពនៃគូសត្រូវរបស់ខ្លួន ។ ព្រះកិត្តិនាមរបស់ព្រះអង្គ ត្រូវបានសាយភាយដោយភាពខ្លាំងក្លានិងដោយអានុភាពដ៏កំពូលរបស់ព្រះអង្គ ដូចព្រះអាទិត្យចែងចាំងរស្មីដ៏ត្រចះត្រចង់ទៅ ។ ព្រះអង្គមានថាមពលនិងអានុភាពល្បីល្បាញ ប្រៀបបាននឹងព្រះឥន្ទ្រ ។ ព្រះអង្គបានកសាងលិង្គគីរីស តម្កល់នៅត្រង់ពាមទន្លេមូល (ប្រទេសលាវ) ព្រះអង្គបានកាន់កាប់ផ្នែកខាងក្រោមទាំងអស់នៃទន្លេមូល ។
ព្រះអង្គបានកសាងសិវលិង្គជាលើកទី ១ តម្កល់ទុកនៅបាភ្នំ ដើម្បីរំលឹកដល់ជ័យជំនះនៃការដណ្ដើមកាន់កាប់បានអាណាចក្រភ្វូណាន ។ ការធ្វើបែបនេះជាទំនៀមទម្លាប់របស់ព្រះអង្គ រាល់ការដណ្ដើមកាន់កាប់បាននៅជ័យជំនះក្រោយៗ ទៀត ។
ក្នុងឆាកនយោបាយ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចាម្ប៉ា ដើម្បីរឹតចំណងមេត្រីភាពរវាងប្រទេសទាំង២។ ក្រោយពីចូលទិវង្គត បុត្រារបស់ព្រះអង្គ ព្រះនាម វ្រះបាទឦឝានវម៌្មទី១ ក៏បានឡើងស្នងរាជ្យបន្ត។ ទ្រង់បានគ្រប់គ្រងនគរនេះ រហូតដល់ឆ្នាំ ៦២៨ នៃគ.ស.។
កាលពីមុន គេហៅថា ពួកមេកន្ទ្រាញដងរែក ដែលកាលណោះ ដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក មិនសូវមានគេស្គាល់ទេ ។ ពួកស្តេចដែលគេស្គាល់លើកទីមួយ ត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K. ៣៥៩) មានឈ្មោះក្សត្រមួយអង្គ ព្រះនាម វីរវម៌្ម ជាព្រះបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់ នាម សោមសម៌ន និងជាព្រះភគិនីនៃវ្រះបាទភវវម៌្ម ។ តាមរយៈសិលាចារឹកមួយ មកពីចន្ទនគរ នៅបាសាក់/លាវ (K. ៣៦៣) វ្រះបាទវីរវម៌្ម ក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃវ្រះបាទភវវម៌្ម ។ មែនហើយ ព្រះអង្គម្ចាស់ទាំងពីរអង្គ មានព្រះមាតាតែមួយ តែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន ៖ ១៥° ២៧’ ជ, ១០១° ៤’ ក) ដែលផ្ដល់ព័ត៌មានថា វ្រះបាទភវវម៌្មជាបុត្រនៃវ្រះបាទប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្មទី១) រីឯសិលាចារឹកមួយទៀត មកពីប៉ាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថា ព្រះនាមនៃព្រះបិតាវ្រះបាទវីរវម៌្ម មានព្រះនាមថា សាវ៌ភៅម ។ សិលាចារឹកទាំងប៉ុន្មាននេះ បានបញ្ជាក់ថា ទឹកដីមួយភាគធំកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦឝានបុរ (ឦសានបុរៈ) (រមណីយដ្ឋានបុរាណវត្ថុសម្បូរព្រៃគុហ៍) បញ្ជាក់ថា នរសិម្ហគុប្ត គឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីវ្រះបាទភវវម៌្មទី១ វ្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសម្រាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងវ្រះបាទឦឝានវម៌្មទី១ បានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលវ្រះបាទភវវម៌្ម នូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (ព្រះវិស្ណុ) ។ មានការស្របគ្នាជាច្រើន ជាមួយនឹងអត្ថបទចិនបុរាណដ៏ចាស់បំផុត ដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (គ.ស. ៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស. ដែលក្នុងនោះផ្ដល់ព័ត៌មានថា ចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្មទី១) (伊奢那先代) ។ រាជធានីចុងក្រោយ គឺឦឝានបុរ (ឦសានបុរៈ) កាលពីរជ្ជកាលវ្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរ ជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក) ។
ទ្រង់បានចូលរួមច្បាំងតទល់នឹងបក្សពួកគុណវម៌្ម កាលពីអន្តរសម័យចេនឡា និង ភ្វូណាន ដែលបានរុញច្រានស្ដេចនគរភ្វូណាន ទៅតាំងរាជធានីនៅឯនរវរនគរ ដែលត្រូវនឹង[[អូរកែវ]]សព្វថ្ងៃនេះ ។ វ្រះបាទមហេន្ទ្រវម៌្ម ទ្រង់បានបន្ដនយោបាយរបស់ព្រះរៀម ហើយបានបញ្ចប់ការវាយបង្ក្រាបបណ្ដាខែត្រដែលវ្រះបាទភវវម៌្មទី១ មិនទាន់បានដណ្ដើមដាក់ជាចំណុះ ។ ទ្រង់មានមន្ដ្រី ២ នាក់ បម្រើព្រះអង្គ គឺ ធម្មទេវ និង សិម្ហទេវ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ព្រោះជាកូនរបស់ព្រាហ្មណ៍ ២ នាក់បងប្អូន ព្រាហ្មទត្ត និង ព្រាហ្មសិម្ហ ។ អ្នកទាំង ២ នេះធ្លាប់ជាមន្ដ្រីរបស់វ្រះបាទភវវម៌្មទី១ ហើយវ្រះបាទមហេន្ទ្រវម៌្មពិនិត្យឃើញថា ជាទីប្រឹក្សាល្អ ទ្រង់ក៏រក្សាទុកព្រោះ « ពួកគេនេះចេះចាំច្បាស់លាស់អំពីវិទ្យាសាស្ដ្រត្រឹមត្រូវ និងវិទ្យាសាស្ដ្រមានផលប្រយោជន៍ » មានន័យថា ជាអ្នកអនុវត្ដជាក់ស្ដែង និងត្រឹមត្រូវ ។ មន្ដ្រីទាំង ២ នាក់នេះ ជាជំនួយដែលជួយឱ្យព្រះអង្គទទួលបាននូវជ័យជម្នះ ។ ទ្រង់បានចាត់ឱ្យសិម្ហទេវទៅធ្វើការចរចាជាមួយនគរចាម្ប៉ា ដើម្បីរក្សាចំណងមេត្រីភាពរវាងកម្វុជនិងព្រះរាជាចាម តាមលោក សេដែស (Cœdès) ប្រហែលក្នុងរាជ្យព្រះរាជាចាម ព្រះនាម ឝម្ភុវម៌្ម ។ បេសកកម្មនេះទទួលបានជោគជ័យ ហើយសន្ដិភាពត្រូវបានធានា ។ វ្រះបាទមហេន្ទ្រវម៌្ម ទ្រង់សោយទិវង្គតនៅឆ្នាំ៦១០ នៃគ្រិស្ដសករាជ ត្រូវនឹងឆ្នាំ ៥៣២ នៃមហាសករាជ ។ ព្រះរាជបុត្ររបស់វ្រះបាទមហេន្ទ្រវម៌្ម ក៏បានឡើងសោយរាជ្យបន្ដពីព្រះអង្គ ក្រោម ព្រះនាមថា ឝ្រីឦឝានវម៌្មទី១ ។
ទ្រង់បានគោរពគណៈឝិវ ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើន ក្នុងសម័យព្រះអង្គ។
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះ នៅនគរភ្វូណាន ផ្ទៃដីសម្រាប់ដាំស្រូវ មានតូច តម្រូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកំលាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចម្ការ គឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ ។ ចេនឡាមានការរីកចម្រើនខ្លាំងខាងវិស័យសេដ្ឋកិច្ច ។ រីឯអាណាចក្រភ្វូណានវិញ រងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡា ធ្វើសញ្ជ័យលើអាណាចក្រភ្វូណាន។ ព្រះរាជាចេនឡា វ្រះបាទភវវម៌្ម ទី១ និងប្អូនជីដូនមួយ ចិត្រសេនា បានវាយលុកអាណាចក្រភ្វូណាន ប្រហែលរវាង គ.ស. ៥៥០ ។ អាណាចក្រភ្វូណានក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡា គឺ វ្រះបាទភវវម៌្មទី១ ហើយអាណាចក្រភ្វូណានក៏ប្រែឈ្មោះជា កម្វុជ។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរ គឺ ចេនឡាដីគោក ដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។ ការបែកបាក់ផ្ទៃក្នុង រវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជន មន្ត្រី និងរាជវង្ស ទៅកាន់ប្រទេសជ្វា៕
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ភវវម៌្មទី១ |
ស្ដេចនៃកម្វុជ គ.ស. ៥៩៨-៦១០ |
តដោយ ឦឝានវម៌្មទី១ |
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |