ឯកសារជាច្រើនបានបញ្ជាក់ពីការរៀបចំថែទាំសុខភាពរបស់ប្រជាពលរដ្ឋខ្មែរតាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ។ ពលរដ្ឋខ្មែរតែងតែលើកតំកើងនិងឲ្យតំលៃទៅលើបព្វជិតជាគ្រូពេទ្យព្យាបាលដោយលើកពីលក្ខណៈសម្បត្តិ និងទឹកចិត្តជួយសង្គ្រោះជីវិតមនុស្សនិងសត្វ រហូតដល់គេសាងរូបសំរាប់គោរពបូជា ដូចជារូបសំណាកឥសីនៅភ្នំសន្ទុកខេត្តកំពង់ធំ និងសង់អាស្រមឬវិហារឧទ្ទិសដល់គ្រូពេទ្យទាំងនោះផង ដូចជាអាស្រមមហាឫសីនៅភ្នំដា និងកសាងសិវលឺង្គតំំណាងព្រះឥសូរតំកល់ក្នុងប្រាសាទសំខាន់នានានៅពាសពេញផ្ទៃប្រទេសខ្មែរយើង។ សិសាចារិកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១បានបញ្ជាក់ពីមុខងារបស់បងប្អូនប្រុសពីរនាក់ជាគ្រូពេទ្យព្យាបាលបំរើព្រះបាទរុទ្រ្ទវរ្ម័ន។
បន្តមកទៀតធម៌ទេវៈនិងសឹម្ហទត្តជាមន្ត្រីរបស់ព្រះបាទភវរ្ម័ននិងព្រះបាទមហេន្ទ្រវរ្ម័ន។ សឹម្ហទត្តជាគ្រូពេទ្យព្យាបាលរបស់ព្រះបាទជ័យវរ្ម័នទី១ និងជាអភិបាលក្រុងវ្យាធបុរៈផងដែរ។ នៅសម្បូរព្រៃគុក៍ ប្រាសាទជ្រៃ និងប្រាសាទលេខ៨ ជាមន្ទីរផ្សំថ្នាំសំរាប់ព្យាបាលដោយមានប្រើប្រាស់នូវវត្ថុធាតុដើមជាឱសថធម្មជាតិ ដូចជាតិណជាតិមានឫស ដើម ស្លឹក ដែលគេកិនឬបុកឲ្យម៉ដ្ឋរួចលាយជាមួយនឹងទឹកស្អាត ហើយយកមកស្រោចលើសិវលឺង្គដែលតំណាងអនុភាពបង្កើតនិងថែរក្សាលោករបស់ទេវៈ ហើយចាក់បង្ហូរតាមទដែលគេចោះបញ្ចេញតាមជញ្ជាំងខាងជើងនៃប្រាសាទ។ ប្រជាពលរដ្ឋនាំគ្នាត្រងទឹកឱសថនោះយកទៅព្យាបាលជំងឺផ្សេងៗតាមប្រភេទជំងឺរបស់ខ្លួន។ សិលាចារិកតាព្រហ្មនិងសិលាចារិកសាយហ្វុងបានបញ្ជាក់ពីការកសាងសំណង់សំខាន់ៗទាក់ទងនិងសាសនាផងនិងជាមន្ទីរពេទ្យផង។ គេរកឃើញថារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានមន្ទីរពេទ្យចំនួន១០២ ដែលកសាងពាសពេញផ្ទៃប្រទេសកម្ពុជា។
តាមសិសាចារិកខ្មែរ អ្នកស្រាវជ្រាវ ហ្សក សឺដេស (George Cœdès) បានបញ្ជាក់ពីមន្ទីរពេទ្យចំនួន១៥ក្នុងបណ្តាមន្ទីរពេទ្យទាំង១០២ដែលព្រះបាទជ័យវរ្ម័នទី៧បានស្ថាបនាពង្រាយទូទាំងប្រទេសកម្ពុជា។ ទីតាំងនៃមន្ទីរពេទ្យទាំង១៥នោះមាន ៖
សិសាចារិកនៅតាមមន្ទីរពេទ្យខាងលើបានរៀបរាប់ពីចំនួនមនុស្សដែលបំពេញមុខងារជាគ្រូពេទ្យព្យាបាល អ្នកគ្រប់គ្រងមន្ទីរពេទ្យ អ្នកផ្សំថ្នាំ អ្នកដាំទឹក អ្នកកិនថ្នាំ និងអ្នកផ្តល់ថ្នាំឲ្យអ្នកជំងឺផឹកឬលេប។
តាមការសិក្សាស្រាវជ្រាវ យើងមានទិន្នន័យខ្លះបញ្ជាក់ពីមន្ទីរថែទាំសុខភាពដូចមានរូបចំលាក់នៅតាមបរិវេណប្រាសាទដែលកសាងក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ជាពិសេសរូបចំលាក់នៅហោជាងប្រាសាទតូចៗទាំងបួនទិសនៃប្រាសាទនាគព័ន្ធ ដូចជារូបលោកេស្វរៈកំពុងធ្វើការសង្គ្រោះមនុស្សក្រីក្រ មនុស្សឈឺចាប់ និងកំពុងប្រទានថ្នាំសំរាប់ព្យាបាល។ លោក ល្វី ហ្វីំណូ និង វ. ហ្គោឡូបេវ បានលើកខ្លឹមសារសិលាចារិកប្រាសាទភិមានអាកាសដែលបានបញ្ចាក់ថា ពោធិសត្វលោកេស្វរៈតំណែងជាសេះពលាហកៈ ហោះទៅស្រោចស្រង់មហាជនប្រុសស្រីដែលធ្លាយសំពៅនៅមហាសមុទ្រ ហើយបាននាំយកនូវបណ្តាជនទាំងនោះមកកាន់ជម្ពូទ្វីបប្រកបដោយសេចក្តីសុខសប្បាយ។ ដូចនេះយើងអាចសន្និដ្ឋានបានថា នៅតាមបរិវេណប្រាសាទសំខាន់ៗតែងមានអាស្រមដែលជាមន្ទីរព្យាបាលជំងឺតាមរយៈឱសថបុរាណ ឬតាមចិត្តសាស្រ្ត។