ស៊ីសុវត្ថិ មុនីរ៉េត (ប្រសូតថ្ងៃទី២៥ វិច្ឆិកា ១៩០៩ ដល់ កញ្ញា ១៩៧៥) គឺជាអ្នកនយោបាយខ្មែរដែលបានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងសម័យអាណាព្យាបាលបារាំងចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៦។ ព្រះអង្គគឺជាសមាជិកដ៏លេចធ្លោនៃរាជវង្សស៊ីសុវត្ថិ។ បិតារបស់ព្រះអង្គគឺមហាក្សត្រស៊ីស៊ីសុវត្ថិ មុនីវង្ស ចំណែកឯព្រះមាតានាម កានវិមាន នរល័ក្ខទេវី ។ ទ្រង់មុនីរ៉េត បានធ្វើការសិក្សាមធ្យមសិក្សានៅក្រុងនីស ប្រទេសបារាំង(១៩២៧-១៩៣០) ក្រោមការគ្រប់គ្រងរបស់លោកហ្វ្រង់ស័រ ប៊ូដ័ន អតីតរ៉េស៊ីដង់ស៊ុប៉េរីយ័រនៅកម្ពុជា និងជាមិត្តររបស់ព្រះមហាក្សត្រសុីសុវត្ថិ មុនីវង្ស ។ ទ្រង់បានបន្តការសិក្សាផ្នែកយោធានៅសាលាពិសេសយោធា។ វិលត្រឡប់ចូលកម្ពុជានៅឆ្នាំ១៩៣៤ ទ្រង់មុនីរ៉េតត្រូវបានតែងតាំងជាអគ្គលេខាធិការព្រះបរមរាជវាំង និងបានបង្កើតកាយរិទ្ធខ្មែរ «អង្គការខេមរកាយរិទ្ធ» ដែលបានរីកចម្រើនតាមខេត្តនានា ។ នៅពេលសង្គ្រាមលោកលើកទី២ ទ្រង់មុនីរ៉េត បានចូលធ្វើទាហានមានឋានន្តរសក្តិអនុសេនីយទៅក្នុងកងអាកាសបរទេសបារាំង នៅថ្ងៃទី២ ធ្នូ ១៩៣៩ ។ ទ្រង់បានធ្វើចម្បាំងដើម្បីប្រទេសបារាំង នៅខែឧសភា-មិថុនា ១៩៤០ និងបានទទួលតែងតាំងជាកត្តិយស។ នៅឆ្នាំ១៩៤១ ក្នុងឋានៈជាបុត្រច្បងររបស់ព្រះមហាក្សត្រសុីសុវត្ថិ មុនីវង្ស ក្រោយពីព្រះបិតារបស់ទ្រង់សោយទិវង្គតទៅ ព្រះអង្គគឺជាគូប្រជែងសំខាន់បំផុតចំពោះរាជបល្ល័ង្កខ្មែរ តែអាជ្ញាធរបារាំងបានជ្រើសរើសយកព្រះអង្គម្ចាស់នរោត្តម សីហនុ ជំនួសវិញ ដោយបារាំងគិតថាព្រះអង្គមុនីរ៉េតទ្រង់ឯករាជ្យ ចំណែកឯព្រះអង្គម្ចាស់សីហនុ នៅវ័យក្មេងងាយស្រួលគ្រប់គ្រង។ ទ្រង់មុនីរ៉េត បានទទួលតំណែងអនុប្រធានក្រុមប្រឹក្សារាជានុសិទ្ធិ (១៩៤៧-១៩៤៨) នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ-ការពារជាតិ (១៧ តុលា ១៩៤៥-១៤ ធ្នូ ១៩៤៦), ឧត្តមសេនីយមុនបង្អស់នៃកងយុទ្ធពលខេមរភូមិន្ទ (១៩៥០) ប្រធានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (១៩៦០) ។ ជាមួយមហេសីឈ្មោះ ប៉ុក វ៉ាន ទ្រង់មុនីរ៉េត មានបុត្រ ៤នាក់៖ រេតណារា, រក្សមុនី, មុនីសុវត្ថិ, ពង្សមុនី ។